ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនីឆេះអស់សម្ភារមួយចំនួន

ភ្នំពេញ  ៖ ផ្ទះល្វែងមួយកន្លែងត្រូវបានអគ្គិភ័យឆាប់ឆេះបណ្តាលឱ្យសម្ភារមួយចំនួនរងការខូចខាត ខណៈពេលដែលម្ចាស់ចាក់សោទុកចោលទៅផ្សារទិញម្ហូប ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃ ទី២១ខែមករាឆ្នាំ២០២៥ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះឈ្មោះ សំ បូណា ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ៩៦៣ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

តាមសាក្សីបានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃក្រោយហេតុបុរសជាប្ដីបានចេញ ទៅផឹកកាហ្វេក្បែរផ្ទះហើយស្ត្រីជាប្រពន្ធបានចាក់សោទុកចោលទៅផ្សារ ។ ខណៈនោះស្រាប់តែភ្លើងបានឆាប់ឆេះចេញពីក្នុងផ្ទះផ្សែងហុយទ្រលោមបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋហើយតេទៅម្ចាស់ផ្ទះនាំគ្នាំវាយទម្លុះទ្វារជួយពន្លត់និងទាក់ទងហៅរថយន្តពន្លត់ពន្លត់អគ្គីភ័យមួយគ្រឿងទៅអន្តរាគមន៍ហើយភ្លើងបានរលត់ទៅវិញ។

តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា អគ្គីភ័យនេះបណ្តាលឱ្យឆេះគ្រែ ពូក កង្ហារនិងសម្ភារមួយចំនួននៅក្នុងផ្ទះរងការខូចខាតតែពុំបណ្ដាលឱ្យឆេះរាលដាលឡើយ។ 

តាមម្ចាស់ផ្ទះឱ្យដឹងថា អគ្គីភ័យនេះបានឆេះចេញពីកៀនផ្ទះផ្នែកខាងក្រោមជាន់ផ្ទាល់ដី កន្លែងព្រីភ្លើង ហើយសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ម្ចាស់ផ្ទះឲ្យដឹងទៀតថានៅព្រឹកនេះដែរ គាត់បានអុជធូបថ្ងៃសីល តែភ្លើងធូបបានរលត់ទើបគាត់នាំគ្នាចាកចេញស្រាប់តែភ្លើងបានឆាបឆេះតែម្ដង៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *