ស.រ.អា ៖ ទីបំផុតក្រុមអ្នកពន្លត់អគ្គិភ័យបានចាប់ផ្តើមគ្រប់គ្រងលើភ្លើងឆេះព្រៃធំៗចំនួនពីរនៅភាគខាងកើត និងខាងលិចនៃទីក្រុងឡូសអាន់ជេឡេស (Los Angeles) កាលពីថ្ងៃសុក្រ ទី១០ មករា ខណៈដែលខ្យល់បោកបក់ខ្លាំងដែលជំរុញការឆាបឆេះអស់រយៈពេលជាច្រើនថ្ងៃនោះ ទីបំផុតបានធូរស្រាលហើយ។
ភ្លើងឆេះព្រៃចំនួនប្រាំមួយក្នុងពេលដំណាលគ្នាបានបំផ្លិចបំផ្លាញសង្កាត់ជាច្រើន ចាប់តាំងពីថ្ងៃអង្គារដោយបានសម្លាប់មនុស្ស ១០ នាក់ និងបំផ្លាញសំណង់អគារជិត ១០.០០០ ខ្នង ដោយតួលេខទាំងនោះត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ជាងនេះ។
ជាមួយនឹងមនុស្សរាប់ម៉ឺននាក់ស្រាប់តែបាត់បង់ផ្ទះសម្បែង និងផ្សែងហុយពេញមេឃ ដែលនាំឱ្យមន្ត្រីអាមេរិកប្រកាសអាសន្នផ្នែកសុខភាពសាធារណៈនោះ ក្រុមអ្នកពន្លត់អគ្គិភ័យបានរាយការណ៍ពីវឌ្ឍនភាពក្នុងការពន្លត់ភ្លើងព្រៃនៅសង្កាត់ Palisades នៅភាគខាងលិចនៃទីក្រុង និងភ្លើងនៅសង្កាត់ Eaton នៅជើងភ្នំភាគខាងកើតនៃទីក្រុង។
បន្ទាប់ពីការឆាបឆេះអស់ជាច្រើនថ្ងៃ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់អ្នកពន្លត់អគ្គិភ័យរាប់រយនាក់ដើម្បីពន្លត់អណ្តាតភ្លើងពីលើអាកាស និងនៅលើដីក៏ដោយ ក៏ភ្លើងឆេះនៅ Palisades ត្រូវបានគ្រប់គ្រងបានត្រឹម ៨ ភាគរយនិងនៅ Eaton បានត្រឹម ៣ ភាគរយ។
ទោះជាយ៉ាងនេះក្តី ភ្លើងឆេះសរុបបានលេបត្របាក់ផ្ទះលើផ្ទៃដីជាង ៣១៣.៧០០ ហិកតា គឺស្មើនឹងពីរដងកន្លះនៃផ្ទៃដីតំបន់ Manhattan នៃទីក្រុងញូវយ៉ក៕(ប្រែសម្រួលដោយ លោកសំណាង)