បង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ រឹបអូសវត្ថុតាងជាច្រើន,តែមុខសញ្ញារត់អស់

ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ទោស ដោយប្រើកាំភ្លើងប្លន់យកម៉ូតូ បានរឹបអូសវត្ថុតាងជាច្រើន តែមុខសញ្ញាប្លន់ដឹងខ្លួនរត់បាត់អស់ នៅលំនៅដ្ឋានមួយកន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី១០មករាឆ្នាំ២០២៥។

សមត្ថកិច្ចនិយាយថា កិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលជំនាញបានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងឌ្រីមជារបស់ជនរងគ្រោះ, ម៉ូតូម៉ាក PCX ពណ៌ស, ផ្លាកលេខ រថយន្តនិងម៉ូតូ ជាច្រើនសន្លឹក, អាវុធវែកម៉ាក ម៉ាត់តាយ៉ែតចំនួន១ដើម និងម្សៅក្រាមពណ៌ស ចំនួន៣កញ្ចប់ (សង្ស័យសារធាតុញៀន) ហើយកម្លាំងនគរបាលជំនាញកំពុងបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនល្មើសមកផ្តន្ទាទោស។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៦និង២៥នាទីព្រឹក មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកPCX ពណ៌ស មិនស្គាល់ផ្លាកលេខ បានធ្វើសកម្មភាពប្លន់ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1JT-1087 ពីជនរងគ្រោះនៅចំណុចសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕(ដោយBBN04)

Leave a Reply

Your email address will not be published. Required fields are marked *