ស.រ.អា ៖ ភ្លើងឆេះព្រៃដ៏ធំនៅជុំវិញទីក្រុងឡូសអាន់ជេឡេស (Los Angeles) បានឆាបឆេះរយៈពេលបីថ្ងៃជាប់គ្នាកាលពីថ្ងៃព្រហស្បតិ៍ ទី៩ មករា ឆ្នាំ២០២៥ ខណៈដែលអ្នកពន្លត់អគ្គិភ័យបានព្យាយាមពន្លត់ភ្លើងនៅក្នុងតំបន់មួយចំនួន។
នៅកន្លែងខ្លះទៀត អ្នកជម្លៀសបានត្រឡប់ទៅផ្ទះវិញ តែដូចទៅមើលផេះផង់នៃផ្ទះរបស់ខ្លួនយ៉ាងអ៊ីចឹងដែរ។
ផ្នែកដ៏ធំនៃទីក្រុងធំទីពីររបស់សហរដ្ឋអាមេរិកបានក្លាយជាគំនរផេះផង់ ជាមួយផ្សែងខ្មៅនៅតែបន្តហុយទៅលើមេឃនិងធុំក្លិនឈ្ងៀមស្ទើរតែពាសពេញអគារទាំងអស់។
ភ្លើងដ៏ធំបំផុតបានឆាបឆេះចេញពីសង្កាត់ Pacific Palisades ខណៈភ្លើងមួយទៀតបានឆេះរាលដាលនៅតំបន់Altadena ស្ថិតនៅជាយក្រុង។
ខណៈភ្លើងសកម្មនៅមិនទាន់គ្រប់គ្រងបាន គេអាចមើលឃើញពីលើមេឃថាតើវិនាសកម្មមានទំហំធំកម្រិតណារួចទៅហើយ។ មើលពីលើ តំបន់ដ៏ធំនៃទីក្រុងមើលទៅហាក់ដូចជា«ទើបត្រូវបានទម្លាក់គ្រាប់បែករួចយ៉ាងអ៊ីចឹង»។
សង្កាត់មួយអាចសម្គាល់ដឹងតាមរយៈគំនូរលើផ្លូវប៉ុណ្ណោះ ព្រោះផ្ទះនីមួយៗត្រូវបានអណ្តាតភ្លើងលេបត្របាក់អស់ទៅហើយ៕(ប្រែសម្រួលដោយ លោកសំណាង)