ថៃ ៖ សីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតំបន់ភាគច្រើននៃប្រទេសថៃចាប់ពីថ្ងៃសុក្រតទៅដោយសារតែការមកដល់នៃប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន។
លោក Sukanyanee Yawinchan អគ្គនាយកនៃនាយកដ្ឋានឧតុនិយមថៃបាននិយាយកាលពីថ្ងៃពុធថា ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះដល់ថ្ងៃចន្ទសប្តាហ៍ក្រោយសីតុណ្ហភាពនឹងធ្លាក់ចុះពី ៥ ទៅ ៧ អង្សាសេនៅភាគខាងជើងនិងឦសាននិង ២-៥ អង្សាសេនៅតំបន់ទំនាបកណ្តាល និងទីក្រុងបាងកក, ខាងកើត និងខាងត្បូង។
ក្នុងអំឡុងពេលនេះ ខ្យល់នឹងបក់ខ្លាំងនៅក្នុងតំបន់ជាច្រើន។ ប្រជាជននៅតំបន់ទាំងនេះត្រូវបានណែនាំឲ្យពាក់អាវរងានិងត្រូវប្រុងប្រយ័ត្នអគ្គិភ័យនៅក្នុងអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំងបែបនេះ។
ក្នុងរយៈពេលដូចគ្នានេះ ខ្យល់មូសុងឦសាននឹងមានកម្លាំងខ្លាំងនៅឈូងសមុទ្រថៃ និងភាគខាងត្បូង។ អាស្រ័យហេតុនេះនឹងមានភ្លៀងធ្លាក់ច្រើននៅភាគខាងត្បូង ហើយអាចមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះនៃភាគខាងត្បូង។
រលកសមុទ្រនឹងមានកម្ពស់ ២-៤ ម៉ែត្រ នៅឈូងសមុទ្រថៃ និងកម្ពស់ ១-២ ម៉ែត្រនៅសមុទ្រ Andaman។ ទូកតូចៗត្រូវបានណែនាំឲ្យនៅក្បែរច្រាំងក្នុងឈូងសមុទ្រថៃចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទ៕(ប្រែសម្រួលដោយ លោកសំណាង)