ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួង បង្ក្រាបមុខសញ្ញាលួចម៉ូតូសកម្មម្នាក់ នៅខណ្ឌសែនសុខកាលពីថ្ងៃទី៦មករា ហើយបានបង្ហាញមុខនាថ្ងៃទី៨មករាឆ្នាំ២០២៥នេះ។
សមត្ថកិច្ចនិយាយថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរនាយការិយាល័យ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវបង្ក្រាបមុខសញ្ញាលួចសកម្មម្នាក់នៅមូលដ្ឋានខណ្ឌសែនសុខ។
សមត្ថកិច្ចបន្តថា នគរបាលបានបង្ក្រាបនាយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុច ផ្លូវជាតិលេខ១ សង្កាត់និរោធខណ្ឌច្បារអំពៅ ខណ្ឌច្បារអំពៅ ដែលកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំដោយលោកវរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរងការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆប ចំរ៉ុង ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនសង្ស័យរូបនេះជាប់ពាក់ព័ន្ធករណីលួចម៉ូតូ ដែលបានប្រព្រឹត្តនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងធ្វេីការសាកសួរ និងកសាង សំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕(ដោយ BBN04)