ត្រាំនឹងមិនច្រានចោលការប្រើកម្លាំងដើម្បីគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងកោះហ្គ្រីនលែន នោះឡើយ

ស.រ.អា ៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធកាលពីថ្ងៃអង្គារ ទី៧ មករាក្នុងការទាត់ចោលការប្រើប្រាស់យោធា ឬសកម្មភាពសេដ្ឋកិច្ច ដើម្បីបន្តការទិញយកព្រែកជីកប៉ាណាម៉ា និង កោះហ្គ្រីនលែន (Greenland) ដែលជាផ្នែកនៃរបៀបវារៈវាទទីនិយម ដែលលោកបានផ្សព្វផ្សាយចាប់តាំងពីឈ្នះការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ២០២៤។

លោកត្រាំ ដែលបានលើកឡើងអំពីគំនិតនៃការប្រែក្លាយកាណាដាទៅជារដ្ឋរបស់សហរដ្ឋអាមេរិកដែរនោះ បាននិយាយថា លោកនឹងទាមទារការចំណាយលើវិស័យការពារជាតិខ្ពស់ជាងមុនពីសម្ព័ន្ធមិត្តណាតូ និងបានសន្យាថានឹងប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិកវិញ។

នៅ​សល់​ពីរ​សប្តាហ៍​ទៀត​នឹងចូល​កាន់​តំណែង លោកត្រាំបាន​ចាប់​ផ្តើម​គូស​បញ្ជាក់​ពី​គោល​នយោបាយ​ការ​បរទេស​ដ៏​គឃ្លើន ដោយ​គិត​គូរតិច​តួច​បំផុតចំពោះ​ការ​ពិចារណា​ផ្នែក​ការទូត ឬ​ក្តី​កង្វល់​របស់​សម្ព័ន្ធមិត្ត​អាមេរិក។

នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មាននៅឯរមណីយដ្ឋានផ្លរីដារបស់គាត់ថាតើគាត់អាចធានាពិភពលោកបានទេថា គាត់នឹងមិនប្រើការបង្ខិតបង្ខំផ្នែកយោធា ឬសេដ្ឋកិច្ច នៅពេលដែលគាត់ព្យាយាមគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងកោះហ្គ្រីនលែន លោកត្រាំបាននិយាយថា «ទេ ខ្ញុំមិនអាចធានាអ្នកបានទេ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា យើង​ត្រូវ​ការ​វា​សម្រាប់​សន្តិសុខ​សេដ្ឋកិច្ច»។

លោកត្រាំ បានរិះគន់ការចំណាយរបស់អាមេរិកលើទំនិញកាណាដា និងការគាំទ្រផ្នែកយោធាសម្រាប់កាណាដាដោយនិយាយថា សហរដ្ឋអាមេរិកមិនបានទទួលអត្ថប្រយោជន៍ពីការធ្វើដូច្នេះទេ ហើយបានហៅព្រំដែនរវាងប្រទេសទាំងពីរថាជា «ខ្សែបន្ទាត់គូរដោយគ្មានរូបរាងពិត»។

លោក​បាន​លើកឡើងថា លោក​នឹង​ដាក់​ពន្ធ​លើ​ប្រទេស​ដាណឺម៉ាក ប្រសិន​បើ​ប្រទេស​នេះ​ជំទាស់នឹង​សំណើ​របស់​លោក​ក្នុង​ការ​ទិញ​យកកោះហ្គ្រីនលែន ដែល​លោក​និយាយ​ថា​មាន​សារៈសំខាន់​ចំពោះ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក។ មិនយូរប៉ុន្មានមុនពេលការអត្ថាធិប្បាយរបស់លោកត្រាំ កូនប្រុសរបស់គាត់ឈ្មោះ Don Jr បានមកដល់កោះហ្គ្រីនលែន សម្រាប់ដំណើរទស្សនកិច្ចឯកជនមួយ។

ដាណឺម៉ាកបាននិយាយថា ហ្គ្រីនលែន ដែលជាផ្នែកគ្រប់គ្រងដោយខ្លួនឯងនៃព្រះរាជាណាចក្ររបស់ខ្លួន គឺមិនមែនសម្រាប់លក់ទេ។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា «ខ្ញុំមិនគិតថា វាជាមធ្យោបាយដ៏ល្អឆ្ពោះទៅរកការប្រយុទ្ធគ្នាជាមួយនឹងមធ្យោបាយហិរញ្ញវត្ថុនោះទេ នៅពេលដែលយើងជាសម្ព័ន្ធមិត្តនិងដៃគូជិតស្និទ្ធ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *