ឃាត់អ្នកបើករថយន្តម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យតារាចម្រៀងRapម្នាក់ស្លាប់

ភ្នំពេញ ៖ នគរបាលបានឃាត់ខ្លួនអ្នកបើកបររថយន្ត Lexus RX330 នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីយកមកសួរនាំអនុវត្តតាមនីតិវិធី ករណីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបុរសម្នាក់ដែលគេស្គាល់ថាជាតារា​ Rap ស្លាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង០១និង៣០នាទី រវាងរថយន្តម៉ាក LEXUS  RX330 ជាមួយម៉ូតូ ម៉ាកTVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ភាគីរថយន្តម៉ាកLEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2-4771 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ,លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវក៏បុកជាមួយម៉ូតូ១គ្រឿងម៉ាក HONDA CRF ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL-9616 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

ភាគីម៉ូតូម៉ាក HONDA CRF ពណ៌ខ្មៅពាក់ផ្លាកលេខ បាត់ដំបង 1AL-9616 បើកបរដោយ ឈ្មោះ ដាវិឌ ប្ញទ្ធិរុទ្រភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ តារាចម្រៀងRap មានទីលំនៅផ្ទះលេខ៤៩-៥១ ផ្លូវលេខ១៦៨ ភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។

ចំណែកភាគីរថយន្តម៉ាក LEXUS  RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2-4771 បើកបរដោយឈ្មោះ ណឹម ណាងភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថ  មានទីលំនៅផ្ទះជួលលេខ២៧ ផ្លូវលេខ១០(បុរីប៉េងហួត៦០ម៉ែត្រ)សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ អ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចនាំមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។អ្នកបើកបររថយន្តសមត្ថកិច្ចត្រួតពិនិ្យគឺគ្មានជាតិអាល់កុលនោះទេ៕(ដោយគា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *