ភូមា ៖ ការរឹបអូសថ្នាំញៀនសំយោគបំបែកកំណត់ត្រានៅអាស៊ីបូព៌ា និងអាគ្នេយ៍បានប្រកាសជាសញ្ញាអាសន្ន ខណៈរបាយការណ៍នានាបានរាយការណ៍ពីការកើនឡើងផលិតកម្មគ្រឿងញៀននៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានភាពវឹកវរនៃសង្គ្រាមស៊ីវិល។
មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ក្រុមឧក្រិដ្ឋជនចាត់តាំងកំពុងបញ្ចុះតម្លៃថ្នាំមេតំហ្វេតាមីន ថ្នាំ Ecstasy ថ្នាំKetamine និងថ្នាំយ៉ាបា ដើម្បីនាំចេញផលិតផលខុសច្បាប់ទាំងនេះកាន់តែច្រើននៅក្នុងតំបន់។
រដ្ឋ Shan ក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានគេស្គាល់ថាជាប្រភពថ្នាំញៀនសំយោគឈានមុខគេនៅក្នុងតំបន់ ខណៈដែលប្រទេសថៃគឺជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់គ្រឿងញៀនខុសច្បាប់ពីតំបន់ត្រីកោណមាស ជាទីដែលភាគខាងជើងនៃព្រះរាជាណាចក្រថៃ ឡាវ និង មីយ៉ាន់ម៉ាជួបប្រសព្វគ្នា។
របាយការណ៍ឆ្នាំ ២០២៤ របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានបង្ហាញថា «អាជ្ញាធរថៃក្នុងឆ្នាំ ២០២៣ បានរឹបអូសបានថ្នាំយ៉ាបាចំនួន ៦៤៨,៩ លានគ្រាប់ និង ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ ឬម៉ាទឹកកកចំនួន ២៦,៤ តោន ធៀបនឹងយ៉ាបា ៣៩៥ លានគ្រាប់ និងម៉ាទឹកកក ១៧,៦ តោនក្នុងឆ្នាំ ២០១៩។
ការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនរបស់ថៃ (ONCB) បានប្រាប់កាសែត The Straits Times ថាស្ថានភាពនៅក្នុងព្រះរាជាណាចក្រថៃពេលនេះកាន់តែអាក្រក់ជាងឆ្នាំ ២០១៩ នៅពេលដែលកាសែត ST បានធ្វើដំណើរទៅកាន់ខេត្តឈៀងរ៉ៃភាគខាងជើងប្រទេសថៃ ដើម្បីស៊ើបអង្កេតផលប៉ះពាល់នៃការរត់ពន្ធគ្រឿងញៀននៅព្រំដែនថៃ-មីយ៉ាន់ម៉ា។
អាស៊ីអាគ្នេយ៍នៅពេលនោះ គឺជាទីផ្សារថ្នាំញៀនធំជាងគេ និងលូតលាស់លឿនបំផុតក្នុងពិភពលោក ដោយការរឹបអូសគ្រឿងញៀនបានកើនឡើងជាងប្រាំបីដងនៅចន្លោះឆ្នាំ ២០០៧ និង ២០១៧។
ONCB បានប្រាប់ ST ថា អាជ្ញាធរថៃបានរឹបអូសថ្នាំយ៉ាបាចំនួន ៤៨៨ លានគ្រាប់ និងម៉ាទឹកកកជិត ១០ តោននៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២៤ គិតត្រឹមខែកញ្ញា។
ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនបាននិយាយថា «ម៉ាទឹកកកកំពុងមានការកើនឡើងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ… យើងអាចឃើញការរត់ពន្ធខ្លះចូលទៅភាគខាងត្បូងប្រទេសថៃ ដើម្បីចែកចាយទៅប្រទេសទីបី»។
ទីភ្នាក់ងារនេះបានបន្ថែមថាសង្រ្គាមស៊ីវិលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនចាត់តាំងបង្កើនសមត្ថភាពផលិតកម្មជាមួយនឹង «សក្តានុពលក្នុងការផលិតថ្នាំញៀនក្នុងបរិមាណគ្មានដែនកំណត់»។
យោងតាមរបាយការណ៍របស់ UNODC ថ្នាំញៀនមេតំហ្វេតាមីន (ជាថ្នាំគ្រាប់ គ្រីស្តាល់ និងទម្រង់ផ្សេងៗទៀត) ដែលរឹបអូសបាននៅអាស៊ីបូព៌ា និងអាគ្នេយ៍បានកើនឡើងពីប្រហែល ១៤០ តោនក្នុងឆ្នាំ ២០១៩ ដល់ ១៩០ តោនក្នុងឆ្នាំ២០២៣ ដែលជាចំនួនខ្ពស់បំផុតដែលបានកត់ត្រានៅក្នុងតំបន់។
របាយការណ៍បានបន្ថែមថា ក្រុមឧក្រិដ្ឋជនចាត់តាំងកំពុងកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនការផលិតដោយប្រើសារធាតុគីមី ដែលមិនមានការត្រួតពិនិត្យ។
ក្រុមឧក្រិដ្ឋជនទាំងនោះក៏កំពុងផលិតថ្នាំញៀនសំយោគដែលមានភាពសុទ្ធខ្ពស់ផងដែរ ដែលធ្វើឲ្យថ្នាំញឿនកាន់តែសាហាវជាងមុន។
UNODC បាននិយាយថា «ជាមួយនឹងផលិតកម្មកើនឡើង ការនាំចេញដែលពាក់ព័ន្ធនឹងគ្រឿងញៀនជាងមួយតោនគឺកើតមានកាន់តែញឹកញាប់ ដែលនាំឱ្យតម្លៃធ្លាក់ចុះបន្ថែមទៀត ដោយសារភាពអាចរកបាន និងលទ្ធភាពលៃលកទិញបាន កើនឡើង»។
របាយការណ៍របស់ UNODC បានបង្ហាញថា តម្លៃលក់ដុំសម្រាប់ម៉ាទឹកកកបានធ្លាក់ចុះពី ១០.០០០ ដុល្លារអាមេរិក ទៅ១២.០០០ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាមក្នុងឆ្នាំ ២០១៩ មកនៅទាបបំផុតចន្លោះពី ៤.០០០ ទៅ ៧.០០០ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ សម្រាប់ប្រទេសដូចជាកម្ពុជា ថៃ និងម៉ាឡេស៊ី៕(ប្រែសម្រួលដោយ លោកសំណាង)