កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដោយឯកឯង គឺរថយន្តTOYOTA PRUIS ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-1735 បុករបាំងថ្មទ្រូងផ្លូវក្រឡាប់ បង្កជាមានអគ្គិភ័យឆាបឆេះ បណ្តាលរងរបួសធ្ងន់ប្រុសម្នាក់និងស្លាប់២នាក់ (ស្រី១នាក់)ឆេះខ្លោចក្នុងរថយន្តមើលលែងយល់ ។
ហេតុការណ៍នេះកើតឡើងនៅទល់មុខមន្ទីរគណបក្សខេត្តកណ្ដាល លេីផ្លូវលេខ២១ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្ដាល កាលពីម៉ោង០៣និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកអធិការ បានចាត់ឱ្យកម្លាំងជំនាញចរាចរណ៍ក្រុងតាខ្មៅ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ សហការជាមួយ ការិយាល័យបង្ការសង្គ្រោះនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចុះអន្តរាគមន៍ជូនភ្លាមៗ ។
ចំណែកកម្លាំងផ្នែកជំនាញក្រុងតាខ្មៅ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រួមនឹងប៉ូលិសផ្នែកជំនាញការិយាល័យបច្ចេកទេស កោសល្យវិច័យ និង វិទ្យាសាស្ត្រខេត្តកណ្តាល ចុះប្រមូលព័ត៌មានដើម្បីបន្តនីតិវិធី ។
ប្រភពបន្តថា ដំបូងមានរថយន្ត PRIUS ស្លាកលេខភ្នំពេញ 2BD-1735 (តាក់ស៊ីឯកជន) ដឹកភ្ញៀវប្រុសស្រី២នាក់ បុករបាំងថ្មទ្រូងផ្លូវ ខ្ទាតប៉ើងក្រឡាប់ផ្ងារជេីង ឆាបឆេះចេញជាអណ្ដាតភ្លេីង អ្នកបេីកបរបានស្រវេស្រវាចេញពីរថយន្ត ត្រូវបានតៃកុងឡានកុងតឺន័រដែលឈប់ចតសម្រាកក្បែរៗនោះ ជួយទាញចេញមកខាងក្រៅ (រងរបួសធ្ងន់) តែភ្ញៀវប្រុសស្រី២នាក់ មិនអាចជួយសង្គ្រោះបានទេ ត្រូវបានភ្លេីងឆេះជាប់ក្នុងរថយន្តស្លាប់តែម្តង។
ប្រភពបន្តទៀតថា អ្នកបើករថយន្តតាក់ស៊ីឈ្មោះហេង របួសធ្ងន់កំពុងសម្រាកព្យាបាលនៅពេទ្យលោកសង្ឃ , ចំណែកអ្នកស្លាប់ជាគូសង្សារនឹងគ្នា ឈ្មោះឌីន និង ស្រីពីន ។ សាកសពបានប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕(ដោយ SAKARA)