អាជ្ញាធរកូរ៉េខាងត្បូងចូលលំនៅឋានរបស់ប្រធានាធិបតី ដើម្បីចាប់ខ្លួនលោក

កូរ៉េខាងត្បូង ៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា អាជ្ញាធរនៅថ្ងៃទី ៣ ខែមករាឆ្នាំ២០២៥នេះ បានទៅដល់គេហដ្ឋានរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ដើម្បីចាប់ខ្លួនលោក ខណៈដែលហ្វូងអ្នកគាំទ្ររបស់លោក Yoon បានប្រឈមមុខជាមួយប៉ូលិសនៅខាងក្រៅគេហដ្ឋានរបស់គាត់ ហើយបានប្តេជ្ញាថានឹងរារាំងរាល់ការប៉ុនប៉ងចាប់ខ្លួន។

លោកប្រធានាធិបតី កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបទឧក្រិដ្ឋសម្រាប់ការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់នៅថ្ងៃទី ៣ ខែធ្នូឆ្នាំ២០២៤។ ការចាប់ខ្លួននឹងក្លាយជារឿងមិនធ្លាប់មានពីមុនមកសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងដែលកំពុងកាន់អំណាច។

មេធាវីរបស់លោក Yoon បាននិយាយថា អ្នកស៊ើបអង្កេតមិនបានប្រព្រឹត្តិតាមច្បាប់ទេ ហើយបានប្តេជ្ញាថានឹងចាត់វិធានការផ្លូវច្បាប់បន្ថែមទៀតប្រឆាំងនឹងចំណាត់នេះ។

លោក Yoon Kap-keun បាននិយាយថា «ការអនុវត្តដីកាដែលខុសច្បាប់ និងមិនត្រឹមត្រូវ គឺពិតជាមិនស្របច្បាប់ទេ», ដោយបានបន្ថែមថា «វិធានការផ្លូវច្បាប់នឹងត្រូវធ្វើឡើងទាក់ទងនឹងការអនុវត្តខុសច្បាប់នៃដីកានេះ»។

មន្ត្រីមកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ដែលកំពុងដឹកនាំក្រុមស៊ើបអង្កេតរួមដែលរួមមានប៉ូលិស និងរដ្ឋអាជ្ញា បានមកដល់មាត់ទ្វារនៃបរិវេណផ្ទះរបស់លោក Yoon នៅកណ្តាលទីក្រុងសេអ៊ូលភ្លាមៗបន្ទាប់ពីម៉ោង ៧ ព្រឹកម៉ោងក្នុងស្រុក។ នេះ​បើ​តាម​សាក្សីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅទីតាំងផ្ទាល់បាននិយាយថា អ្នកស៊ើបអង្កេតមកពី CIO ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់របាំងសន្តិសុខយ៉ាងតឹងរ៉ឹងដើម្បីចូលទៅក្នុងលំនៅឋាន។

CIO បាននិយាយថា «ការអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol បានចាប់ផ្តើមហើយ»។

យោងតាមសារព័ត៌មាន Korea Herald មន្រ្តី CIO ទាំង ៥០ នាក់ដំបូងត្រូវបានរារាំងដោយអង្គរក្សប្រធានាធិបតីចំនួន២០ នាក់ ដែលនៅទីបំផុតបានអនុញ្ញាតឱ្យក្រុមអ្នកស៊ើបអង្កេតចូលទៅក្នុងលំនៅឋាន បន្ទាប់ពីការប្រឈមមុខដាក់គ្នាមិនដល់មួយម៉ោង។

ក្រោយមក Yonhap បានរាយការណ៍ថា អង្គភាពយោធាមួយនៅក្នុងបរិវេណនោះបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។

Yonhap បានបន្ថែមថា ប្រសិនបើអាជ្ញាធរស៊ើបអង្កេតជោគជ័យក្នុងការចាប់ខ្លួនលោក Yoon ពួកគេនឹងផ្តល់ពេល ៤៨ម៉ោងដើម្បីសាកសួរគាត់។ ដើម្បីឃុំខ្លួនគាត់យូរជាងនេះ ពួកគេនឹងត្រូវស្នើសុំដីកាថ្មី ដែលនឹងផ្តល់ឱ្យពួកគេ ២០ ថ្ងៃបន្ថែម។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បាននិយាយថា ថ្ងៃផុតកំណត់ដើម្បីអនុវត្តដីកាចាប់ខ្លួនគឺថ្ងៃទី ៦ ខែមករាឆ្នាំ២០២៥ខាងមុខ។

ទូរទស្សន៍ YTN បានរាយការណ៍ថា ប៉ូលិសប្រហែល ២.៨០០ នាក់បានប្រមូលផ្តុំដើម្បីរៀបចំសម្រាប់ការអនុវត្តដីកានេះ។

អ្នកគាំទ្រផ្កាប់មុខរបស់លោក Yoon ប្រហែល ១០០ នាក់បានប្រមូលផ្ដុំតាំងពីព្រឹកព្រលឹមក្បែរគេហឋានរបស់លោក ចំពេលមានសារព័ត៌មានក្នុងស្រុករាយការណ៍ថាអាជ្ញាធរស៊ើបអង្កេតនឹងព្យាយាមអនុវត្តដីកាចាប់ខ្លួន ដែលត្រូវបានអនុម័តនៅថ្ងៃទី ៣១ ខែធ្នូ បន្ទាប់ពីលោក Yoon បដិសេធការកោះហៅឱ្យចូលខ្លួន។

គេអាចស្តាប់ឭអ្នកគាំទ្រទាំងនោះនិយាយគ្នាថា «យើងត្រូវរារាំងពួកគេទោះត្រូវដាក់ជីវិតរបស់យើង»។ អ្នកគាំទ្រ​ប្រហែល​ជាង១០នាក់​បាន​ព្យាយាម​រារាំង​ក្រុម​ប៉ូលិស​មួយ​ក្រុម​នៅ​ផ្លូវ​ចូល​ទៅ​ស្ពាន​ថ្មើរជើង។

អ្នកខ្លះបានស្រែកថា «ប្រធានាធិបតី Yoon Suk Yeol នឹងត្រូវបានការពារដោយប្រជាជន»ហើយបានអំពាវនាវឱ្យចាប់ខ្លួនប្រធាន CIO ជំនួសវិញ។

លោក Pyeong In-su អាយុ ៧៤ ឆ្នាំបាននិយាយថា ប៉ូលិសត្រូវតែបញ្ឈប់ដោយ «ប្រជាពលរដ្ឋស្នេហាជាតិ»ដែលជាពាក្យដែលលោក Yoon ប្រើដើម្បីពិពណ៌នាអំពីអ្នកដែលឈរយាមនៅជិតលំនៅឋានរបស់គាត់៕ (ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *