អ្នកស៊ើបអង្កេតកូរ៉េខាងត្បូងព្រមានថា អ្នកដែលរារាំងការចាប់ខ្លួនលោក Yoon នឹងត្រូវកាត់ទោស

កូរ៉េខាងត្បូង ៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី ១ ខែមករាឆ្នាំ២០២៥ថា ពួកគេនឹងអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់គាត់គិតត្រឹមថ្ងៃផុតកំណត់ ទី ៦ខែមករា ខណៈដែលមេដឹកនាំដែលគេព្យួរពីតំណែងរូបនេះ ប្តេជ្ញាថានឹងតស៊ូរហូតដល់ទីបញ្ចប់។

អ្នកគាំទ្រ និងគូប្រជែងរបស់លោក Yoon ដែលសភាព្យួរតំណែងជុំវិញការប៉ុនប៉ងរបស់គាត់ក្នុងការផ្តួលរំលំការគ្រប់គ្រងបែបស៊ីវិលក្នុងខែធ្នូ បានបោះជំរំស្នាក់នៅខាងក្រៅវិមានប្រធានាធិបតី ជាទីដែលគាត់បានស្នាក់នៅអស់ជាច្រើនសប្តាហ៍មកហើយ ដើម្បីទប់ស្កាត់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកស៊ើបអង្កេតក្នុងការសាកសួររូបគាត់។

ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) បានស្នើសុំដីកាចាប់ខ្លួន បន្ទាប់ពីលោក Yoon ខកខានក្នុងការរាយការណ៍សម្រាប់ការសាកសួរជាលើកទីបី។ ប៉ុន្តែគេមិនច្បាស់ទេថាតើដីកានេះនឹងអាចចាប់ប្រធានាធិបតីបានឬយ៉ាងណា ព្រោះថាសេវាសន្តិសុខប្រធានាធិបតីធ្លាប់បានបដិសេធមិនអនុវត្តតាមដីកាឆែកឆេររួចមកហើយ។

លោក Yoon នៅតែរឹងរូស ហើយកាលពីល្ងាចថ្ងៃទី ១ ខែមករា ហាក់បានលើកឡើងថា លោកនឹងបដិសេធមិនប្រគល់ខ្លួនឲ្យអ្នកស៊ើបអង្កេតទេ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចែករំលែកជាមួយអ្នកគាំទ្រដែលបានបោះជំរំនៅខាងក្រៅលំនៅឋានរបស់គាត់ក្នុងទីក្រុងសេអ៊ូល។

មេធាវីរបស់លោក គឺលោក Yoon Kab-keun បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «បច្ចុប្បន្នសាធារណរដ្ឋកូរ៉េកំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយសារកម្លាំងខាងក្នុង និងខាងក្រៅគំរាមកំហែងដល់អធិបតេយ្យភាពរបស់ខ្លួន និងសកម្មភាពនៃធាតុប្រឆាំងនឹងរដ្ឋ»។

លោក​បាន​បន្ថែម​ថា​ «ខ្ញុំ​ប្តេជ្ញា​តស៊ូ​ជាមួយ​អ្នក​ឲ្យ​ដល់​ទី​បំផុត​ដើម្បី​ការពារ​ប្រទេសជាតិ​មួយនេះ​», ដោយ​និយាយ​ថា​ «គាត់​កំពុង​មើល​ការ​តវ៉ា​ពីមនុស្សរាប់រយ​ពាន់នាក់​នៅ​លើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម YouTube »។

លោក Jo Seoung-lae សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាររបស់លោក Yoon គឺ «មិនសមរម្យទេ» ដោយហៅគាត់ថា «វង្វេងស្មារតី»និងចោទប្រកាន់គាត់ថាបានព្យាយាមញុះញង់ឱ្យមានការប៉ះទង្គិចគ្នា។

ប្រធាន CIO លោក Oh Dong-woon បាន​និយាយ​នៅ​ថ្ងៃ​ទី ១ ខែ​មករា​ថា ដីកា​ចាប់ខ្លួននឹង​ត្រូវ​អនុវត្ត​តាម​កាល​កំណត់​ ថ្ងៃ​ទី ៦ ខែ​មករាឆ្នាំ២០២៥ខាងមុខ។

លោកបានប្រាប់អ្នកយកព័ត៌មានថា «យើងមានបំណងឱ្យដំណើរការចាប់ខ្លួនមានភាពរលូនដោយគ្មានការរំខានធំដុំប៉ុន្តែយើងក៏កំពុងសម្របសម្រួលដើម្បីប្រមូលផ្តុំប៉ូលិស និងទាហានឲ្យត្រៀមខ្លួនផងដែរ»។

លោក​ក៏​បាន​ព្រមាន​ដែរ​ថា អ្នក​ណា​ដែល​ព្យាយាម​រារាំង​អាជ្ញាធរ​មិន​ឲ្យ​ចាប់​ខ្លួន​លោក Yoon អាច​ប្រឈម​នឹង​ការ​កាត់​ទោស។

ក្រុមអ្នកច្បាប់របស់លោក Yoon បានដាក់ពាក្យបណ្តឹងដើម្បីរារាំងដីកានេះ ហើយបានអះអាងនៅថ្ងៃទី ១ ខែមករាថាដីកាចាប់ខ្លួនគឺជា «ទង្វើខុសច្បាប់ និងមិនត្រឹមត្រូវ»។ 

អ្នក​គាំទ្រ​ផ្កាប់មុខរបស់​ប្រធានាធិបតី​បាន​នាំគ្នាសម្រុកមកទីក្រុង​សេអ៊ូល​ដើម្បី​គាំទ្រ​គាត់។

នៅខាងក្រៅបរិវេណប្រធានាធិបតី មនុស្សរាប់សិបនាក់ ខ្លះស្លៀកសំលៀកបំពាក់តុបតែង អាចមើលឃើញកំពុងស្រែក ច្រៀង និងដៀលត្មិះប៉ូលិស។

ខណៈស្បៃរាត្រីបានគ្របដណ្តប់ ក្រុមបាតុករគាំទ្រលោក Yoon បានគ្រវីដំបងភ្លើងពណ៌ និងបដាប្រឆាំងការចោទប្រកាន់ព្យួរតំណែងប្រធានាធិបតី។

មន្ត្រីកូរ៉េខាងត្បូងពីមុនមកបានបរាជ័យក្នុងការអនុវត្តដីកាចាប់ខ្លួនសមាជិកសភា ក្នុងឆ្នាំ ២០០០ និង ២០០៤ដោយសារតែសមាជិកបក្ស និងអ្នកគាំទ្ររារាំងប៉ូលិសមិនឱ្យចូលក្នុងរយៈពេលប្រាំពីរថ្ងៃ ដែលដីកាចាប់ខ្លួនមានសុពលភាព៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *