លោក ពុយ គា ៖ អ្នកសារព័ត៌មានបញ្ចេញមតិបែបណាដែលអាចគេចផុតពីការរិះគន់ និងការចោទប្រកាន់ ឬពាក្យបណ្ដឹង ?

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សង្កេតឃើញថា មួយរយៈចុងក្រោយនេះ អ្នកសារព័ត៌មាននៅតែប្រឈមនូវពាក្យបណ្តឹង និងការរិះគន់ពីសារធារណជន អំពីការផ្សព្វផ្សាយមួយចំនួន ដែលនាំឱ្យមានការវាយតម្លៃជាអវិជ្ជមានស្ទើរជាទូទៅដល់អ្នកសារព័ត៌មាននៅកម្ពុជា។

ដើម្បីស្រាយចំងល់មួយចំនួនជុំវិញថាតើ អ្នកសារព័ត៌មានគួរប្រតិបត្តិ និងបំពេញការងារយ៉ាងដូចម្តេចដើម្បីអាចគេចផុតពីការរិះគន់ ការចោទប្រកាន់ ឬពាក្យបណ្តឹងនានា ក្លិបអ្នកកាសែតកម្ពុជានឹងរៀបចំវេទិកានិពន្ធនាយកដ៏ធំមួយប្រចាំឆ្នាំនៅថ្ងៃសៅរ៍ស្អែកនេះដោយមានចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័នសារព័ត៌មានជាង១០០នាក់ មកពីអង្គភាពផ្សេងៗគ្នា ដើម្បីជជែកពិភាក្សាលើប្រធានបទ «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ»។

ការលើកយកប្រធានបទនេះមកពិភាក្សា ព្រោះក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា វិជ្ជាជីវៈសារព័ត៌មាននៅតែជាប្រការសំខាន់ដែលត្រូវយកចិត្តទុកដាក់បន្តពង្រឹង ដើម្បីការពារតម្លៃអ្នកសារព័ត៌មានអាជីព និងរក្សាបាននូវទំនុកចិត្តពីមហាជន។ ជាមួយគ្នានោះ ការបញ្ចេញមតិនៅតែជាកង្វល់ ខណៈដែលយើងបានសង្កេតឃើញថា ការប្រើប្រាស់សិទ្ធិហួសពីព្រំដែនច្បាប់នៅតែកើតមាន និងនាំឲ្យប៉ះពាល់ដល់អ្នកដទៃ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា អ្នកសារព័ត៌មានអាចគេចផុតពីពាក្យបណ្តឹងបានក្នុងការបំពេញអាជីពការងារសារព័ត៌មានរបស់ខ្លួន «បើសិនគេគោរព និងប្រតិបត្តិបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈ និងក្រមសីលធម៌»។

លោកបានបន្ថែមថា៖ «វិជ្ជាជីវៈ និងក្រមសីលធម៌ដែលមិនអាចរំលងបាននោះគឺ ការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ, ស្វែងរកព័ត៌មានពីប្រភពច្បាស់លាស់, កុំធ្វើសេចក្តីសន្និដ្ឋាន, ជៀសវាងការប្រើពាក្យសំដី ដែលអាចចាត់ទុកថា ជាការរិះគន់ដោយគ្មានមូលដ្ឋាន ឬការប្រមាថ, កុំធ្វើព័ត៌មានដោយបញ្ចូលអារម្មណ៍ខ្លួនឯងទៅក្នុងសាច់រឿង, បែងចែកឱ្យដាច់រវាងរឿងផ្ទាល់ខ្លួនទៅនឹងខ្លឹមសារអត្ថបទ និងព្រយាមផ្សាយឱ្យមានតុល្យភាព»។

វេទិកានិពន្ធនាយកឆ្នាំនេះ ក៏នឹងពិភាក្សាលើបញ្ហាប្រឈម ការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងខ្លាំងនៃសារព័ត៌មានឌីជីថល ក៏ដូចជាសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ និងផលប៉ះពាល់ជាអវិជ្ជមានដែលអាចនឹងកើតទ្បើងដោយសារតែការបញ្ចេញមតិ។

ក្រៅពីនោះ វេទិកាក៏នឹងមិនភ្លេចពិភាក្សាលើការឆ្លើយតប ឬបកស្រាយទាន់ពេលវេលានូវព័ត៌មាននានាពីស្ថាប័នរដ្ឋ និងអាជ្ញាធរទាំងអស់ ជាពិសេសលើព័ត៌មានមិនពិតឬក្លែងក្លាយ និងតួនាទីរបស់ស្ថាប័នសារព័ត៌មានក្នុងការបន្តផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិអំពីកម្ពុជា និងពាំនាំព័ត៌មានពីប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាបាលដើម្បីដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ គា សំណាង