នគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធ០៤ករណី

ភ្នំពេញ ៖ ជនសង្ស័យ១៣នាក់ ពាក់ព័ន្ធ០៤ករណីផ្សេងៗគ្នា ត្រូវបាននគរបាលរាជធានីភ្នំពេញ ធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខជាសាធារណះ ក្រោយការបង្ក្រាបបាន ។

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងនគរបាលខណ្ឌចំនួន០៣ បានបង្ហាញមុខក្រុមជនសង្ស័យខាងលើនេះ ដែលជាប់ពាក់ព័ន្ធករណីហិង្សា , ករណីលួច , ឆក់ និងករណីវាយប្លន់ ប្រព្រឹត្តិទៅនៅក្នុងមូលដ្ឋានខណ្ឌចំនួន០៤ ក្នុងរាជធានីភ្នំពេញ មានខណ្ឌកំបូល , ខណ្ឌឬស្សីកែវ , ខណ្ឌព្រែកព្នៅ និងខណ្ឌច្បារអំពៅ ។

ជនសង្ស័យទាំង១៣នាក់ មាន០៨នាក់ ពាក់ព័ន្ធលួចទ្រព្យសម្បត្តិ , ០២នាក់ ពាក់ព័ន្ធករណីហិង្សា , ០២នាក់ ពាក់ព័ន្ធករណីឆក់ និងម្នាក់ទៀតពាក់ព័ន្ធករណីវាយប្លន់ ។

ក្រោយធ្វើការបង្ហាញមុខជាសាធារណះរួចមក កម្លាំងសមត្ថកិច្ចបានបញ្ចូនខ្លួនក្រុមជនសង្ស័យទាំង១៣នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕