ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកំលាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃពីជនបរទេស ចំនួន២ករណីផ្សេងគ្នា។
នគរបាលដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន បានការធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដោយជនសង្ស័យ២នាក់ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៩និង០៥នាទី នៅចំនុចបន្ទប់ជួលគ្មានលេខ ភូមិ០៣ ផ្លូវព្រះសុរាម្រិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានឱ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ សុឹម ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ ទីកន្លែងស្នាក់នៅផ្ទះលេខ២៣ ផ្លូវD ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាម្ចាស់ម៉ូតូ)។ជនសង្ស័យទី២.៖ ឈ្មោះ សៅ បូរិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវ២៦៨ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ជាជនដៃដល់)។ ជនសង្ស័យ ០២នាក់នេះ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ(ជាជនជាតិចិន) កំពុងដេីរបានសម្រេច នៅចំនុចផ្លូវ២៤០ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២៖៣០នាទី។
បន្ទាប់មកនគរបាលបានបន្តឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ ចំរេីន ដែន អាយុ២៨ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួលមិនមានលេខ ផ្លូវលំ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ដែលបានធ្វេីសកម្មភាពជាមួយឈ្មោះ សៅ បូរិន កាលពីថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០២៤ វេលា១១និង៣០នាទី បានឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ (ជាជនជាតិអាមេរិច) កំពុងឈរបានសម្រេច នៅចំនុចផ្លូវលេខ២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន(ជាអ្នកបេីក)។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរតាមនីតិវិធី៕