នគរបាលមុខជនសង្ស័យលួចនិងក្រុមក្មេងទំនើងចំនួន១៣នាក់ បង្កហិង្សា៥ករណីបណ្តាលអោយស្លាប់ម្នាក់និងរងរបួសជាច្រើននាក់

ភ្នំពេញ ៖ ជនសង្ស័យ១៣នាក់ដែលបានធ្វើសកម្មភាពលួច និង ជាក្រុមក្មេងទំនើង ចំនួន៤ក្រុមដែលបង្កហិង្សាដោយចេតនាបណ្ដាលអោយមានមនុស្សស្លាប់ម្នាក់ និងរងរបួសជាច្រើននាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់និងបង្ហាញមុខជាសាធារណៈកាលពីរសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤នេះ។

 លោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌនិងមានការដឹកនាំ បញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ។

កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន១៣នាក់។ លោកវរសេនីយ៍ឯក ម៉ម សាវន បានអោយដឹងទៀតថា នៅថ្ងៃទី០៦ ថ្ងៃទី០៧ និងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានី ភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ និងក្រុមក្មេងទំនើងឈ្មោះ ក្រុម ដើមពោធិ៍(DP),ក្រុមបឹងសាឡាងស្រួល (BSL),ក្រុមទឹកថ្លា (TTK) ក្រុមកាហ្វេកែងចិន (CKJ) សរុបចំនួន ១៣ នាក់ ដែលបានប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(វាយកាប់គ្នា) ចំនួន ០៥ ករណី។

វត្ថុតាងចាប់យករួមមាន,ដាវកែច្នៃចំនួន ០១ ដើមនិងម៉ូតូចំនួន៤គ្រឿង។បន្ទាប់ពីបង្ហាញមកជនសង្ស័យត្រូវបាននគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី ៕ BBN96