ដើម្បីចូលរួមអបអរសាទរឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងចិន-កម្ពុជា ឆ្នាំ២០២៤ នៅសារៈមន្ទីរជាតិកម្ពុជា មានការតាំងពិព័រណ៍រូបថតសកលលោក ក្រោមប្រធានបទ «រឿងនិទានចិន» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ ៩ ខែធ្នូ ឆ្នាំ២០២៤។
ពិធីបើកពិព័រណ៍នេះ ត្រូវបានរៀបចំឡើង កាលពីល្ងាចថ្ងៃសុក្រនេះ ក្រោមអធិបតីភាព ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និង លោក CHEN Cong អគ្គទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រៅពីនេះ ក៏មានការចូលរួមពីតំណាងសមាគមនអ្នកថតរូបជំនាញ នៅប្រទេសចិន, លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារៈមន្ទីរជាតិ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង និស្សិត ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ជាច្រើនរូប។
បើតាមភាគីចិនបានឲ្យដឹងថា រូបថតសរុបចំនួន៤០ផ្ទាំង បង្ហាញពីទេសភាពដ៏ស្រស់ស្អាត ក្នុងប្រទេសចិន ជាមួយនឹងវប្បធម៌ចិន ដែលបង្កប់ដោយអត្ថន័យដ៏ជ្រាលជ្រៅ តាមរយៈស្នាដៃទាំងនេះ មានដូចជា ភាពអស្ចារ្យនៃទន្លេ ភ្នំ ទំនៀមទម្លាប់ប្រពៃណី បុរាណ រហូតដល់ទីក្រុងទំនើបរបស់ចិន ជាដើម។ ភាគីចិនក៏ចង់ឃើញពិព័ណ៍អំពីភាពអស្ចារ្យរបស់កម្ពុជា នៅលើទឹកដី ប្រទេសចិន ដូចគ្នាផងដែរ។
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារៈមន្ទីរជាតិ បានមានប្រសាសន៍បង្ហាញក្តីសង្ឃឹមថា ការតាំងបង្ហាញរូបថតទាំងនេះ នឹងនាំមកនូវការយល់ដឹង កាន់តែស៊ីជម្រៅ អំពីវប្បធម៌ និងសិល្បៈ រវាងចិននិងកម្ពុជា បង្កើនមិត្តភាពរវាងគ្នាទៅវិញទៅមក បន្ថែមទៀត ក្នុងវិស័យសិល្បៈ ហើយក្លាយជាស្ពានតភ្ជាប់បេះដូង និងផ្នត់គំនិតនៃប្រជាជាតិទាំងពីរ តាមរយៈការចែករំលែកគ្នា នូវវប្បធម៌ អារ្យធម៌ ដែលមិនអាចកាត់ថ្លៃបាន។
ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និង លោក CHEN Cong អគ្គទីប្រឹក្សាស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានអញ្ជើញថ្លែងសុន្ទរកថា បង្ហាញពីការគាំទ្រពេញទំហឹង ក្នុងនាមរដ្ឋាភិបាលប្រទេសទាំងពីរ ព្រមទាំងកាត់ខ្សែបូរ និងដើរទស្សនារូបថត ផងដែរ។
ក្រុមយុវជន ជានិស្សិតបានចូលរួមទស្សនារូបថតទាំងនេះ និងបានបង្ហាញអារម្មណ៍ពេញចិត្ត នឹងការស្វែងយល់ តាមរយៈរូបថតទាំងនេះ ក្នុងបរិកាសប្រកបដោយអត្ថន័យ។
យុវតី ឡាវ ពុធ និស្សិតឆ្នាំទី៣ បានប្រាប់ថា ការផ្លាស់ប្តូរប្រជាជននិងប្រជាជន គឺជារឿងល្អ ក្នុងការចែករំលែកចុំណេះដឹង ឲ្យស្គាល់គ្នា ទៅវិញទៅមក។ កញ្ញា ចាប់អារម្មណ៍រូបថតចិនទាំងនេះ ព្រោះថា ទស្សនៈចិនមានអត្ថន័យជ្រៅ បង្កប់ន័យអប់រំ ដូចជា ទស្សនៈ ខុងជឺ ជាដើម។ កញ្ញាសង្ឃឹមថា នឹងមានតាំងពិព័រណ័បែបនេះ នាពេលក្រោយៗ ទៀត ដើម្បីជំរុញការយល់ដឹងពីរឿងព្រេងនិទានចិន កាន់តែច្បាស់បន្ថែមទៀត សម្រាប់ខ្លួនឯង និងយុវជនកម្ពុជា ផ្សេងៗទៀត៕