ភ្នំពេញ: ក្មេងទំនើងមួយក្រុមនាំគ្នាធ្វើសកម្មភាពយកដុំថ្មទៅគប់លេីនារីបម្រេីការហាងKTV យីហោ«តន្ត្រីឫស្សីមាស» ត្រូវបាន បុគ្គលិក ហាងនាំគ្នាចាប់ឃាត់ខ្លួនបានចំនួន២នាក់ ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍កាកាបទី១យកទៅសួរនាំ ។
ហេតុការណ៍ នេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិសែន ជ័យរាជធានីភ្នំពេញ។
ប្រភពព័ត៌មានបញ្ជាក់ ពីភាគីហាងខាងលើបានអោយដឹងថា នេះមិនមែនជាលើកទីមួយទេ ជាលើកទីពីរហើយ ដែលក្រុមក្មេងទំនើងទាំងនោះ ធ្វើបែបនេះដាក់មកលើកហាងរបស់គាត់ តែពុំទាន់ឃើញសមត្ថកិច្ចចាប់ឬបង្ក្រាបបាននៅឡើយ ។
ប្រភពបានបន្តថា នៅមុនពេលកេីតហេតុដោយក្រុមក្មេងទំនើង មានគ្នាជាច្រើននាក់ជិះម៉ូតូជាច្រើនគ្រឿងឆ្វែលចុះឆ្វែងឡើង លុះក្រោយមកស្រាប់តែនាំគ្នាឈប់ម៉ូតូ រួចហើយធ្វើសកម្មភាពដោយយកដុំថ្ម គប់ចូលហាងបណ្ដាលឲ្យនារីអង្គុយរងចាំភ្ញៀវខាងមុខរងរបួសដៃបីនាក់ស្រាលៗ ឃើញដូចនេះបុគ្គលិកហាង និងម្ចាស់ហាង ខាងលើបាននាំគ្នាដេញប្រតាយប្រតប់ឃាត់ខ្លួនបានចំនួន២នាក់ ចំណែកបក្ខពួកក្មេងទំនើង ផ្សេងទៀតបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅចោលបាត់ស្រមោលអស់។ លុះក្រោយមកម្ចាស់ហាងបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ភ្លាមៗនាំខ្លួនយកក្មេងទំនើង ទាំង២នាក់ទៅប៉ុស្តិ៍ដេីម្បីសួរនាំបន្ត ។
ប្រភពដដែលបានបន្តទៀតថាប្រមាណជា១ខែមុនក្រុមក្មេងទំនេីងទាំងនោះធ្លាប់នាំគ្នាធ្វើសកម្មភាពមកគប់ហាងរបស់គាត់ម្ដងរួចមកហើយធ្វើអោយមានអ្នករងរបួសបែកក្បាលតែមិនបានឃាត់ខ្លួនបាននោះរួចក៏នាំគ្នាគេចទៅបាត់អស់។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចបាននាំខ្លួន ក្មេងទំនើង២នាក់ ដែលឃាត់បានទៅប៉ុស្តិ៍ដើម្បីសួរនាំ ព្រមទាំងអោយម្ចាស់ហាងទៅដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ខាងលើទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌនគរបាលខណ្ឌពោធិសែនជ័យដេីម្បីចាត់ការតាមនិតិវិធីបន្ត៕ ដោយ សំណាង