ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ បានរងរបួសក្បាលសន្លប់ស្តូកស្តឹង ខណៈជិះកង់អាគុយមួយគ្រឿងទៅផ្សារទិញម្ហូប លុះត្រឡប់ មកវិញបានបន្តិច ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកក្បែរ លូកដៃឆក់យកខ្សែក ដាច់យកទៅបាត់មួយកំណាត់ បណ្តាលឱ្យស្ត្រីរងគ្រោះដួលបោកក្បាលយ៉ាងដំណំ ត្រូវបានប្រជាពលរដ្ឋ ជួយលើកមកចិញ្ចើមផ្លូវរួចហៅរថយន្តសាមុយមកដឹកទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះ នៅវេលាម៉ោង ៤និង៥០នាទី ល្ងាចថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុវមុខរោងចក្រមួយ លើផ្លូវបេតុង ចូលភូមិព្រៃល្វា ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាច់ញាតិបាននិយាយថា ជនរងគ្រោះមានឈ្មោះ ស៊ឹម ភួន អាយុ៦០ឆ្នាំ មុនពេលកើតហេតុ គាត់បានចេញពីផ្ទះ ដោយជិះកង់អាកុយមួយគ្រឿងពណ៌ក្រហម មករកទិញម្ហូប មកបាត់មួយសន្ទុះធំ ទើមគេទៅប្រាប់ថា ជនរងគ្រោះ ជួបគ្រោះថ្នាក់ត្រូវចោរឆក់ខ្សែកបែបនេះតែម្តង ។ ហើយខ្សែកមានទម្ងន់ប្រហែល៣ជីមាស ។
បើតាមសាក្សីដែលឃើញ ហេតុការណ៍បានប្រាប់ឱ្យដឹងថា គេបានឃើញ អ៊ុំស្រីខាងលើនេះ ជិះកង់អាគុយពណ៌ក្រហមតែម្នាក់ឯង ចេញពីទិញម្ហូបនៅផ្សារមួយក្បែរទីតាំងកើតហេតុ ខណៈជិះមកដល់មុខរោងចក្រមួយដែលជាចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X មិនចាំពណ៍ មិនចាំស្លាកលេខ ជិះមកក្បែរអ៊ុំស្រីរួចលូកដៃឆក់យកខ្សែកគាត់ បណ្តាលឱ្យអោយអ៊ុំស្រីដួលបោកក្បាល សន្លប់ស្តូកស្តឹង និងបានឃើញខ្សែករបស់គាត់ដាច់បាត់មួយកំណាត់ សង្ស័យចោរឆក់យកបាន។
ក្រោយកើតហេតុ មានប្រជាពលរដ្ឋទូរស័ព្ទហៅ រថយន្តសង្គ្រោះរបស់ក្រុម ៧១១ កងពលតូចលេខ៧០ មកដឹកទៅព្យាបាលនៅមន្ទីពេទ្យព្រះកុសុមៈ ។ ចំណែកសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងភ្លាមៗ និងធ្វើការកំណត់រកមុខសញ្ញា ដើម្បីតាមចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់៕ ដោយBBN19