ផ្លូវជង្ហុកជាប់របងអគ្គិសនីទួលពង្រ ត្រូវបានអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយ ឱ្យស្រួលធ្វើដំណើរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ២០២៤នេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា អភិបាលរងខណ្ឌ ទទួលបន្ទុកសណ្តាប់ធ្នាប់ បរិស្ថាននិងអនាម័យ បានដឹកនាំក្រុមការងារ យកគ្រឿងចក្រឈូសឆាយ ពង្រាបដី ផ្លូវដែលមានជង្ហុក ស្ថិតនៅតាមបណ្ដោយផ្លូវអគ្គិសនី ភូមិទួលពង្រ សង្កាត់ចោមចៅទី១។

លោក ប៉ាង លីដា បានប្រាប់ ឱ្យដឹងថា ក្រោមការដឹកនាំពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់រូបលោក រួមក្រុមការងារសង្កាត់ ដាក់គ្រឿងចក្រ ចុះឈូសឆាយកៀរពង្រាបដីផ្លូវដែលមានជង្ហុក ដែលរងការខូចខាត ដោយទឹកភ្លៀង នារដូវវស្សា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ ។

លោក ធុយ សាវុធ អនុប្រធានការិយាល័យការងារ សាធារណៈការ និងបរិស្ថាន បានប្រាប់ ផងដែរថា បន្ទាប់ពីបានទទួលការផ្ដល់ការណែនាំពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឃើញថាមានការខូចខាតខ្លាំង ដែលតម្រូវដាក់គ្រឿងចក្រឈូសឆាយជួសជុល ជាប្រញាប់ដើម្បីសម្រួលចរាចរក្នុងធ្វើដំណើរជូនប្រជាពលរដ្ឋ ។

ជុំវិញផ្លូវខាងលើក្រុមការងារក៏បាន សាកសួរទៅ លោក ធុយ សាវុធ បន្ថែមទៀត លោកក៏បានបញ្ជាក់ថា ផ្លូវនេះស្ថិតក្នុងផែនការ ស្តារស្ថាបនាឡើងវិញរបស់គម្រោង រដ្ឋបាលរាជធានីភ្នំពេញក្នុងឆ្នាំផងដែរ ៕ ដោយ សំណាង ៩៦