លោកអភិបាលខណ្ឌ៧មករា ជំរុញពន្លឿនការជួសជុលកែលម្អអាគារផ្សារអូរឬស្សី ដើម្បីផ្តល់ទីតាំងជូនអាជីវករ បានលក់ដូរនៅតាមតូបរៀងៗខ្លួនវិញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ថេង សុថុល អភិបាលនៃគណៈខណ្ឌ៧មករា បានដឹកនាំមន្រ្តីជំនាញ ពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ និងគណៈកម្មការផ្សារអូរឬស្សី ចុះត្រួតពិនិត្យការដ្ឋានជួសជុលកែលម្អអាគារផ្សារ ដំណាក់កាលទី១ ថែមទាំងបានជំរុញពន្លឿនការជួសជុលឲ្យបានលឿន ដើម្បីផ្ដល់ទីតាំងជូនអាជីវករ បានលក់ដូរនៅតាមតូបរៀងៗខ្លួនវិញ និងឆាប់បានបន្តជួសជុលនៅដំណាក់កាលបន្តបន្ទាប់ទៀត។

ក្នុងឪកាសចុះត្រួតពិនិត្យការដ្ឋាននោះដែរ លោក អភិបាលខណ្ឌបានបន្តចុះសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនអាជីវកលក់ដូរនៅផ្សារអូរឬស្សី និងសូមការអធ្យាស្រ័យយោគយល់ នូវការលំបាកមួយរយះពេល ដើម្បីជួសជុលអាគារផ្សារ។

ជុំវិញការជួសជុលកែលម្អរអាគារផ្សារអូឬស្សីនេះ លោក ឡយ ស៊ាងអាង ប្រធានគណះកម្មការផ្សារអូឬស្សី បានប្រាប់ឲ្យដឹងថា អាគារផ្សារអូឬរស្សី ត្រូវបានបែកចែកជា ៦ដំណាក់កាល ក្នុងមួយដំណាក់កាល ត្រូវឲ្យអាជីវករើតូបមកលក់ដូរនៅតូបបណ្ដោះអាសន្ន ចំនួន២៣២តូប។ សូមបញ្ជាក់ថាការដ្ឋានជួសជុលក្នុងដំណាក់កាលទី១ ត្រូវបានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២៤ រហូតដល់ពេលនេះ ត្រូវបានចាក់បេតុង សាងសង់ជិតរួច១០០ភាគរយ និងមានគម្រោងឲ្យបងប្អូនអាជីវក ដែលលក់ដូរ រើសតូបពីតូបបណ្ដោះអាសន្នមកលក់នៅក្នុងបរិវេណផ្សារវិញ នៅដើមខែមករា ឆ្នាំ២០២៥ខាងមុខនេះ។ ហើយការដ្ឋានដំណាក់កាលទី២ និងចាប់ផ្ដើម ជាបន្តបន្ទាប់ទៀត។

លោក អភិបាលខណ្ឌ៧មករា ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា គម្រោងជួសជុលកែលម្អអាគារផ្សារអូឬស្សីជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមន្រ្តីជំនាញបានត្រួតពិនិត្យលក្ខណះបច្ចេកទេសនៃសំណង់អាគារ បានឃើញថា អាគារបានការបាក់ប្រេះ ទ្រុឌទ្រោម ដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង បានគិតគូរពីសុខសុវត្ថិភាពរបស់អាជីវកលក់ដូរក្នុងបរិវេណអាគាផ្សារ និងបានសាងសងតូបបណ្ដោះអាសន្ននៅលើចំណីផ្លូវលេខ១១១ ខាងលិចផ្សារឲ្យអាជីវករលក់ ជាបណ្ដោះអាសន្ន ដើម្បីឱ្យជំនាញបើកការដ្ឋានជួសជុលជាបន្តបន្ទាប់តាមដំណាក់កាល។

ជាចុងក្រោយរដ្ឋបាលខណ្ឌ៧មករា សំណូមពរដល់អាជីវកលក់ដូរទាំងអស់មានអធ្យាស្រ័យ ចំពោះការដ្ឋានសាងសង់មានការយឺតយ៉ាវមួយចំនួន និងសំណូមពរដល់ពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់តំបន់ផ្សារ ក៏ដូចជាចេញចូលផ្សារ មានការកកស្ទះចរាចរណ៍សូមមានការយោគយល់ តែទោះជាយ៉ាងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារ បានធ្វើការសម្រួលចរាចរណ៍ជាប់ជាប្រចាំផងដែរ៕ 03