រដ្ឋបាលខណ្ឌ៧មករា និងពុទ្ធបរិស័ទចំណុះជើងវត្តផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី នៅវត្តមង្គលវ័ន

ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌ៧មករា មូលមតិគ្នាជាឯកច្ឆ័ន្ធផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីមួយបាននាំយកទេយ្យទាន និងបច្ច័យ ចូលរួមជាមួយ ពិធីបុណ្យកឋិនទានសាមគ្គីវត្តមង្គលវ័ន ដែលប្រព្រឹត្តិទៅនៅក្នុងវត្តមង្គលវ័ន ស្ថិតក្នុងសង្កាត់មនោរម្យខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ការចូលរួមជាមួយបុណ្យកឋិនទាននេះ ដឹកនាំដោយ ឯកឧត្តម លី ប៊ុនឆៃ តំណាងឲ្យ ឯកឧត្តមបណ្ឌិត លី ឆេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ៧មករា និងលោកជំទាវ ប៊ូ នោ, លោក ថេង សុថុលអភិបាលខណ្ឌ៧មករា និងលោកស្រី ឥន លីម្មី ព្រមទាំងបុត្រនិងមានការអមចូលរួមពីសំណាក់មន្ត្រីចំណុះរដ្ឋបាលសង្កាត់ ខណ្ឌ ជាច្រើនរូបទៀតផងដែរ ។

ក្រៅពីមន្ត្រីរដ្ឋបាលខណ្ឌ គេក៏សង្កេតឃើញមានប្រជាពុទ្ធបរិស័ទជាច្រើនកុះករ ក៏បានចូលរួមជាមួយបុណ្យកឋិនទានខាងលើនេះដែរ ដែលកឋិនទានសាមគ្គីនេះ ផ្តើមរៀបចំពិធីបុណ្យឡើងដោយ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តមង្គលវ័នទាំងអស់មានសទ្ធាជ្រះថ្លាក្នុងព្រះ ពុទ្ធសាសនា បានមូលមតិគ្នាជាឯកច្ឆ័ន្ធផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីមួយ ដើម្បីដង្ហែទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែល បានគង់ចាំវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា វត្តមង្គលវ័ន (ស្វាយដង្គំ) ដើម្បីប្រគេនអានិសង្សកឋិនដល់ព្រះភិក្ខុសង្ឃ និងអនុមោទនាកុសលផលផង។

ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខណ្ឌ លោក ថេង សុថុល ក៏បាននាំយកទេយ្យទាន មានគ្រឿងឧបភោគបរិភោគ , ទឹកសុទ្ធ ភេសជ្ជះ និងគ្រឿងទេសនានាជាច្រើនទៀត រួមជាមួយបច្ច័យមួយចំនួនធំផងដែរ ប្រគេនដល់អង្គកឋិនទាននេះ ដើម្បីជាការចូលរួមចំណែកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា ក្នុងនាមជាពុទ្ធបរិស័ទ ដែលគោរព និងដើរតាមគន្លងរបស់ព្រះពុទ្ធជាអង្គម្ចាស់ ។

កឋិនទានសាមគ្គី នៅវត្តមង្គលវ័ន (ស្វាយដង្គំ) នេះដែរ ក៏មានរៀបចំជាភោជនីយ៍អាហារ ជាច្រើនតុផងដែរ សម្រាប់ទទួលភ្ញៀវជាពុទ្ធស័ទ ដែលបានចូលរួមកម្មវិធីបុណ្យ ក្រោយពីស្តាប់ព្រះសង្ឃសូត្រមន្តចប់ អាចចូលរួមទទួលទានបាន មុនពេលត្រឡប់ទៅកាន់គេហដ្ឋានវិញ ៕