ភ្នំពេញ ៖ ភាពសុខសន្តិភាព គឺជាផ្នែកសំខាន់ ដែលអាចឱ្យប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស បាននាំគ្នាទៅធ្វើបុណ្យដាក់ទានតាមទីវត្តអារាម ប្រកបដោយក្តីជ្រះថ្លាគ្រប់ៗគ្នា ។
ពុទ្ធបរិស័ទ សម្តែងការយល់ឃើញថា រាជរដ្ឋាភិបាលក្រោមការដឹកនាំតាំងពីសម្តេចតេជោ បន្តមកដល់សម្តេចធិបតី បាននាំយកសុខសន្តិសុខមកឱ្យប្រជាជន និងសង្គមជាតិ ដែលនេះជាផ្នែកអាចឱ្យពលរដ្ឋ បានរួបរួមគ្នាទៅធ្វើបុណ្យដាក់ទាន តាមទីវត្តអារាម ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ប្រកបដោយក្តីស្ងប់សុខ និងជ្រះថ្លា ។
ប្រជាពុទ្ធបរិស័ទ បន្ថែមថា ការធ្វើបុណ្យដាក់ទាន តែងរមែងនាំឱ្យសន្ធាចិត្តរបស់មនុស្សម្នាក់ៗ កើតមាននូវក្តីជ្រះថ្លាជាខ្លាំង ព្រោះពុទ្ធឱវាទរបស់ព្រះពុទ្ធ គឺធ្វើល្អតែងជួបល្អ សាងបុណ្យកុសលច្រើន តែងកើតមានក្តីសុខក្នុងជីវិត ។
សូមបញ្ជាក់ថា ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ត្រូវនឹងបិណ្ឌទី៩ ដែលជាថ្ងៃកាន់បិណ្ឌ របស់រដ្ឋបាលខណ្ឌ៧មករា ថ្នាក់រដ្ឋបាលខណ្ឌក៏បានរៀបចំទេយ្យទាន ទេយ្យវត្ថុ និងចង្ហាន់ជាច្រើន ធ្វើបុណ្យដាក់ទានប្រគេដល់ព្រះសង្ឃនៅវត្តមង្គលវ័ន ផងដែរ ក្រោមវត្តមានដឹកនាំ ដោយឯកឧត្តម លី ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌ និងលោក ថេង សុថុល អភិបាលខណ្ឌ រួមទាំងមន្ត្រីចំណុះថ្នាក់រដ្ឋបាលសង្កាត់ និងខណ្ឌជាច្រើនរូបទៀតផងដែរ ។
ទន្ទឹមនឹងនោះដែរ បញ្ហាសន្តិសុខសុវត្ថិភាព ក៏ត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ផងដែរ ពីសំណាក់កម្លាំងអាជ្ញាធរ មានសមត្ថកិច្ច ក្នុងមូលដ្ឋាន ដើម្បីការពារធានាមិនឱ្យអំពើអសន្តិសុខណាមួយអាចកើតមានឡើងនោះឡើយ ក្នុងពេលដែលប្រជាពុទ្ធបរិស័ទនាំគ្នាទៅធ្វើបុណ្យតាមទីវត្តអារាមនោះ ៕