អភិបាលក្រុងតូក្យូលោកស្រី Koike ឈ្នះឆ្នោតអាណត្តិទី៣

ជប៉ុន ៖ អភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី៧ កក្កដា ឆ្នាំ២០២៤ដើម្បីជ្រើសរើសមេដឹកនាំក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជប៉ុនបាននិយាយថា «ការស្ទង់មតិបានបង្ហាញថាលោកស្រីឈ្នះឆ្នោតភ្លូកទឹកភ្លូកដី»។

លោកស្រី Koike អាយុ ៧១ ឆ្នាំ ជាអតីតរដ្ឋមន្ត្រី និងជាពិធីការិនីទូរទស្សន៍ បានធ្វើជាអភិបាលក្រុងតូក្យូចាប់តាំងពីឆ្នាំ២០១៦ ហើយភ្លាមៗបានប្តេជ្ញាពង្រឹងសុខុមាលភាព សេដ្ឋកិច្ច និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់រាជធានីជប៉ុន។

ការស្ទង់មតិដោយទូរទស្សន៍ NHK និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបន្ទាប់ពីស្ថានីយបោះឆ្នោតបានបិទនៅម៉ោង ៨យប់ បានបង្ហាញថា លោកស្រី Koike បានផ្តួលងាយៗលើបេក្ខជនជាគូប្រជែងជាច្រើន។

ក្នុងចំណោមគូប្រជែងដ៏លេចធ្លោបំផុតរបស់លោកស្រីគឺស្រ្តីម្នាក់ទៀតដែលកំពុងឈរឈ្មោះក្នុងវិស័យនយោបាយដែលគ្រប់គ្រងដោយបុរសៗនៅប្រទេសជប៉ុន ពោលជាអតីតសមាជិកសភា តារាម៉ូដែល និងជាពិធីការិនីទូរទស្សន៍អាយុ ៥៦ ឆ្នាំឈ្មោះ Renho ។

លោកស្រី Koike បានប្រាប់អ្នកគាំទ្របន្ទាប់ពីការស្ទង់មតិបង្ហាញថា លោកស្រីបានឈ្នះអាណត្តិទី ៣ ជាអភិបាលក្រុងនៃប្រជាជន ១៤ លាននាក់ ថា «ជាមួយនឹងការគាំទ្រដ៏រឹងមាំរបស់ Tokyoites ខ្ញុំត្រូវបានចាត់តាំងឱ្យដឹកនាំទីក្រុងដ៏អស្ចារ្យនេះ គឺ Tokyo»។

លោកស្រី Koike បាននិយាយថា «សព្វថ្ងៃនេះប្រទេសជប៉ុន និងទីក្រុងតូក្យូប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដូចជាអតិផរណា និងអត្រាកំណើតទាប»។

លោកស្រីបាននិយាយថា «ខ្ញុំត្រូវតែធ្វើឱ្យប្រសើរឡើងនូវកិច្ចខិតខំប្រឹងប្រែងនៃកំណែទម្រង់របស់ទីក្រុងតូក្យូ ហើយដូចដែលខ្ញុំបានអំពាវនាវនៅក្នុងយុទ្ធនាការបោះឆ្នោតរបស់ខ្ញុំ ខ្ញុំនឹងការពារជីវិត និងជីវភាពរស់នៅរបស់អ្នករស់នៅទីក្រុងតូក្យូ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *