ជប៉ុនជាប្រទេសដំបូងគេលើលោកបោះពុម្ពក្រដាសប្រាក់ដែលប្រើហូឡូក្រាម (Hologram) ដើម្បីកុំឱ្យក្លែងក្រដាសប្រាក់បាន

ប្រទេសជប៉ុន ៖ ជប៉ុនបានចាប់ផ្តើមចរាចរក្រដាសប្រាក់ថ្មីដំបូងរបស់ខ្លួនក្នុងរយៈពេល ២០ ឆ្នាំកាលពីថ្ងៃពុធ ទី ៣ខែកក្កដាឆ្នាំ២០២៤ ដែលបង្ហាញពីរូបភាពបីវិមាត្ររបស់ស្ថាបនិកគ្រឹះស្ថានអប់រំហិរញ្ញវត្ថុ និងស្ត្រី ក្នុងការប៉ុនប៉ងធ្វើឱ្យអ្នកក្លែងបន្លំខកចិត្ត។

ក្រដាសប្រាក់នេះប្រើគំរូឆ្នូតៗបោះពុម្ពដើម្បីបង្កើតជារូបហូឡូក្រាម (Hologram) បែរមុខផ្ទុយគ្នា អាស្រ័យលើមុំនៃទិដ្ឋភាព ដោយប្រើប្រាស់បច្ចេកវិទ្យាដែលការិយាល័យបោះពុម្ពជាតិរបស់ជប៉ុននិយាយថា ជាក្រដាសប្រាក់ដំបូងគេរបស់ពិភពលោក។

ទោះបីជាក្រដាសប្រាក់ដែលមានស្រាប់នៅតែបន្តប្រើប្រាស់ក៏ដោយ ក៏ស្ថានីយរថភ្លើង ចំណតរថយន្ត និងហាងមីនៅតែកំពុងព្យាយាមអាប់ដេតម៉ាស៊ីនទូទាត់ ខណៈដែលរដ្ឋាភិបាលជំរុញអ្នកប្រើប្រាស់ និងអាជីវកម្មឱ្យប្រើប្រាស់សាច់ប្រាក់តិចជាងមុនក្នុងការប្រឹងប្រែងដើម្បីធ្វើឲ្យសេដ្ឋកិច្ចទៅជាឌីជីថល។

ក្រដាសប្រាក់ ១០.០០០ យ៉េន (៦២ ដុល្លារអាមេរិក) ថ្មីបង្ហាញពីលោក Eiichi Shibusawa (១៨៤០-១៩៣១) ដែលជាស្ថាបនិកនៃធនាគារ និងផ្សារហ៊ុនដំបូងគេ ដែលជារឿយៗត្រូវបានហៅថា «បិតាមូលធននិយមជប៉ុន»។

ក្រដាសប្រាក់ ៥.០០០ យ៉េនថ្មីបង្ហាញពីអ្នកអប់រំ Umeko Tsuda (១៨៦៤-១៩២៩) ដែលបានបង្កើតសាកលវិទ្យាល័យស្ត្រីដំបូងគេក្នុងប្រទេសជប៉ុន ខណៈដែលក្រដាសប្រាក់ ១.០០០ យ៉េនបង្ហាញពីអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រឈានមុខលោក Shibasaburo Kitasato (១៨៥៣-១៩៣១) ។

អាជ្ញាធររូបិយវត្ថុគ្រោងនឹងបោះពុម្ពក្រដាសប្រាក់រចនាថ្មីប្រហែល ៧,៥ ពាន់លានសន្លឹកនៅចុងឆ្នាំសារពើពន្ធបច្ចុប្បន្ន។ពួកគេនឹងបន្ថែមលើក្រដាសប្រាក់ចំនួន ១៨,៥ ពាន់លានសន្លឹក ដែលមានតម្លៃ ១២៥ ទ្រីលានយ៉េន ដែលកំពុងចរាចររួចហើយគិតត្រឹមខែធ្នូ ឆ្នាំ ២០២៣។

លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុនបានប្រាប់នៅពិធីកាលពីថ្ងៃពុធថា «សាច់ប្រាក់គឺជាមធ្យោបាយទូទាត់ដែលមានសុវត្ថិភាព ដែលអាចប្រើប្រាស់បានដោយគ្រប់ម្នាក់ គ្រប់ទីកន្លែង និងគ្រប់ពេលវេលាហើយវានឹងបន្តដើរតួយ៉ាងសំខាន់ ទោះបីជាវិធីទូទាត់ជំនួសកំពុងឈានទៅមុខក៏ដោយ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *