ភ្នំពេញ ៖ អតីតភោជនីយដ្ឋាន យីហោ «ប្រេនឌី»ទុកចោលមួយរយៈ ខណៈជាងកំពុងជួសជុលផ្សាដែកស្រាប់តែមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១១និង៣០ នាទីព្រឹកថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០២៤ នៅចំណុចតាមបណ្តោយផ្លូវលេខ២៦៥កែងលេខ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

តាមប្រភពពីកន្លែងកើតហេតុបានដឹងថា ទីតាំងខាងលើ បានទុកចោលបិទទ្វារមួយរយៈហើយ ហើយនៅថ្ងៃកើតហេតុមានជាងកំពុងជួសជុលកំពុងផ្សាដែក ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ ក៏មានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច សុំអន្តរាគមន៍ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដឹងថា ក្រោយទទួលបានព័ត៌មានលោកបានបញ្ជារថយន្តគ្រប់គោលដៅនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចេញរថយន្តដើម្បីជួយបាញ់ទឹកពន្លត់។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានជួយ បាញ់ទឹកអន្តរាគមន៍ ជួយទាន់ពេលវេលា គ្រាន់តែរាលដាល់ដល់ ហាងជាប់គ្នានោះ អស់ប្រមាណ២០ភាគរយ ចំណែក ភោជនីយដ្ឋានដែលបង្កការឆាបឆេះដំបូងនោះ គឺឆេះខូតខាតទាំងស្រុង។ តែក្នុងហេតុការណ៍នេះ មិនបណ្តោយឲមានមនុស្សរងរបួស ឬបាត់បង់ជីវិតនោះទេ ។
ករណីនេះសមត្ថកិច្ចបានអន្តរាគមន៍បាញ់ទឹកពន្លត់ចប់ នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃខែឆ្នាំដដែល ចំពោះមូលហេតុជាងផ្សាដែកធ្លាក់កម្ទេចភ្លើងបង្កជាអគ្គិភ័យ»៕(ដោយ : គឹមសុខ០៣)
