បរទេស ៖ ការបំផ្ទុះបានបន្លឺសំឡេងជុំវិញទីក្រុងអ៊ីរ៉ង់មួយកាលពីថ្ងៃសុក្រនៅក្នុងអ្វីដែលប្រភពនានានិយាយថា «ជាការវាយប្រហាររបស់អ៊ីស្រាអែល» ប៉ុន្តែរដ្ឋាភិបាលក្រុងតេហេរ៉ង់បាននិយាយសម្រាលឧបទ្ទវហេតុនេះ ហើយចង្អុលបង្ហាញថា«ខ្លួនមិនមានផែនការសម្រាប់ការសងសឹកនោះទេ»ដែលជាការឆ្លើយតបមួយហាក់ដើម្បីបញ្ចៀសសង្គ្រាមទូទាំងតំបន់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ដ្រូនដែលប្រភពនិយាយថាអ៊ីស្រាអែលបានបាញ់ប្រឆាំងនឹងទីក្រុង Isfahan គឺជា «ដ្រូនខ្នាតតូច» ហើយថាពួកវាមិនបានបណ្តាលឱ្យមានការខូចខាត ឬរបួសនោះទេ។
ទំហំនៃការវាយប្រហារមានកំណត់ និងការឆ្លើយតបដោយស្ងាត់ស្ងៀមរបស់អ៊ីរ៉ង់ ហាក់បង្ហាញសញ្ញានៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យដោយក្រុមអ្នកការទូត ដែលបាននិងកំពុងធ្វើការដើម្បីបញ្ចៀសសង្គ្រាមពេញទំហឹងចាប់តាំងពីការវាយប្រហារដោយដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់លើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។
ប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីអ៊ីរ៉ង់បានពណ៌នាអំពីការផ្ទុះមួយចំនួនតូច ដែលពួកគេនិយាយថា បណ្តាលមកពីខែលការពារដែនអាកាសវាយប្រហារលើដ្រូនចំនួន ០៣ គ្រឿងនៅលើទីក្រុង Isfahan ភាគកណ្តាលប្រទេសអ៊ីរ៉ង់។ ពួកគេបានសំដៅទៅលើឧបទ្ទវហេតុនេះថាជាការវាយប្រហារដោយ «អ្នកលួចជ្រៀតចូល»ជាជាងដោយអ៊ីស្រាអែល ដូច្នេះពុំចាំបាច់មានការសងសឹកទេ។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាមិនមានផែនការឆ្លើយតបនឹងអ៊ីស្រាអែលចំពោះឧបទ្ទវហេតុនេះទេ។
មន្ត្រីរូបនោះបាននិយាយថា «ប្រភពបរទេសនៃឧបទ្ទវហេតុនេះមិនត្រូវបានបញ្ជាក់ទេ។ យើងមិនបានទទួលការវាយប្រហារពីខាងក្រៅណាមួយទេ ហើយការពិភាក្សានេះមានទំនោរទៅរកការជ្រៀតចូលជាជាងការវាយប្រហារ»។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian ក៏មានការប្រុងប្រយ័ត្នផងដែរ ក្នុងការអត្ថាធិប្បាយទៅកាន់បេសកជននៃប្រទេសមូស្លីមនៅទីក្រុងញូវយ៉ក។
លោក Amirabdollahian ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថា «អ្នកគាំទ្រប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏អស់សង្ឃឹមបានព្យាយាមធ្វើឱ្យមានជ័យជំនះចេញពីបរាជ័យរបស់ពួកគេ ខណៈដែលដ្រូនខ្នាតតូចដែលបានបាញ់ទម្លាក់មិនបានបណ្តាលឱ្យមានការខូចខាត ឬរបួសទេ»។
អ៊ីស្រាអែលមិនបាននិយាយអ្វីអំពីឧបទ្ទវហេតុនេះទេ ហើយសម្ព័ន្ធមិត្តរបស់ខ្លួនគឺវ៉ាស៊ីនតោនបានបដិសេធមិនឲ្យគេទាញខ្លួនចូលឡូកឡំទេ៕(ប្រែសម្រួលដោយ លោកសំណាង)