តាកែវ ៖ មុខសញ្ញាប្លន់យកម៉ូតូយ៉ាងសកម្ម ត្រូវបាននគរបាលស្រុកត្រាំកក់ ចាប់ខ្លួន បាន៣នាក់ចំណោម៥នាក់ កាលពីថ្ងៃទី១៤មិថុនាឆ្នាំ២០២៣ វេលាម៉ោង១១និង៣០ នាទីយប់ នៅចំណុចផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ 75-76 ស្ថិតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះខាត់ លីហ្សៀន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ត្រូវពួកចោរធ្វើសកម្មភាពយកមួក សុវត្ថិភាពវ៉ៃ និងធាក់ប្លន់យកម៉ូតូ ខណៈជនរងគ្រោះកំពុងជិះម៉ូតូរបស់ខ្លួនម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅស៊េរី២០២៣ តាមផ្លូវជាតិលេខ៣ ពីភ្នំពេញទៅផ្ទះនៅស្រុកឈូក ខេត្តកំពត។

សមត្ថកិច្ចបន្តថា ខណៈពេលកំពុងធ្វើសកម្មភាព កម្លាំងនគរបាលស្រុកត្រាំកក់ ដែលកំពុងជិះម៉ូតូល្បាតតាមដងផ្លូវ បានមកទាន់ពេលនោះជនសង្ស័យក៏នាំគ្នាជិះម៉ូតូរបស់ខ្លួនត្រឡប់បក់ក្រោយវិញ ហើយត្រូវបានសមត្ថកិច្ចជិះម៉ូតូដេញតាមលុះមកដល់ផ្លូវលេខ២២ ស្ថិតក្នុងភូមិអង្គតាសោម កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យបាន៣នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកហុងដា ពណ៌ខ្មៅស៊េរី២០១៨ ឡើងតែម២០២២ ពាក់ស្លាកលេខកំពង់ចាម1-V9914(ជារបស់ជនរងគ្រោះ)។
សមត្ថកិច្ចបន្តថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោទួន ចាន់តុលា ភេទប្រុស អាយុ ១៤ឆ្នាំនៅភូមិប៉ប្រក់ខាងជើងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ,២-ឈ្មោះ សាន មេសា ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិក្រោលគោ សង្កាត់លេខ៦ ខណ្ឌឫស្សីកែវនិង ៣-ឈ្មោះគង់ សុវណ្ណា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ចំណែកបក្សពួក២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់រួមមាន ១-ឈ្មោះយស់ ចាន់ណា ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរឥស្លាម នៅភូមិក្រោលគោ សង្កាត់លេខ៦ ខណ្ឌឫស្សីកែវ និង២-ឈ្មោះជីង ចាំងភេទប្រុសអាយុ១៦ឆ្នាំ នៅគីឡូម៉ែត្រលេខ៧ ខណ្ឌឫស្សីកែវរាជនីភ្នំពេញ(គេចខ្លួន)។
បច្ចុប្បន្នសមត្ថកិច្ចបានសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕(ដោយ ធ្នូជ័យ)
