ម៉ូតូជ្រុលបុករថយន្តពេទ្យឯកជន ( សង្ស័យខុសច្បាប់ ) បណ្ដាលរបួសធ្ងន់ម្នាក់

ភ្នំពេញ បុរសម្នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងម៉ូតូនិងរថយន្តពេទ្យឯកជន (សង្ស័យខុសច្បាប់ ) កាលពីវេលាម៉ោង៩យប់ ថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣ត្រង់ចំណុច ខាងជើងបន្ទាយយោធា ( ង70 )ប្រហែល២០ម៉ែត្រ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បើកបរម៉ូតូPCX ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HY-4883 ឯរថយន្ត ម៉ាកHYUNDAI STAREX ពណ៌ស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខព្រៃវែង2A-7774 ដែលបិតឡូហ្គោ ជាប់រថយន្តថារថយន្តសង្គ្រោះបន្ទាន់ 24 ម៉ោង មិនមានឈ្មោះគ្លីនិចនោះទេ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តគ្លីនិចឯកជន បានបើកតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងមកជើង ឯម៉ូតូបើកពីជើងមកត្បូង ក្នុងល្បឿនលឿន ស្រាប់តែជ្រុលបុករថយន្តខាងលើ បណ្ដាលរងរបួសធ្ងន់ ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញ វាស់វែងយកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ។

សូមរំលឹកថា ក្រសួងសុខាភិបាល កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ បានស្នើឯកឧត្ដមអភិបាលរាជធានី ចាត់វិធានការណ៍ ចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំរបស់ក្រសួង សុខាភិបាល របស់ម្ចាស់គ្លីនិកឯកជន ។ 

ក្រសួងបានសង្កេតឃើញថា មានគ្លីនិកឯកជនមួយចំនួន មិនបានអនុវត្ត ទៅតាមសារាចរណែនាំរបស់ក្រ សួងសុខាភិបាលឡើយ  ដោយនៅតែបន្តធ្វើ សកម្មភាពយករថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួន ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ យកមកព្យាបាល នៅក្នុងគ្លីនិកទៀត និងឃើញមានឡានពេទ្យឯកជនមួយចំនួនទៀត ដែលពុំមានឈ្មោះគ្លីនិក ទៅដឹកអ្នកគ្រោះថ្នាក់ចរាចរ និងសាកសពគ្រោះថ្នាក់ចរាចរ នៅតាមដងផ្លូវ រហូតដល់ មានការឈ្លោះប្រកែក ដណ្ដើមគ្នាដឹកយ៉ាងអនាធិបតេយ្យដែលជា កត្តាមួយជះឥទ្ធិពលមិនល្អ ដល់វិស័យសុខាភិបាលទាំងមូល និងសេចក្ដីថ្លៃថ្នូរបស់គ្រូពេទ្យដទៃទៀត ហើយក៏មានរថយន្តគិលានសង្គ្រោះមួយចំនួនទៀតដែលពុំមានអាជ្ញាបណ្ណ ពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិក ច្បាស់លាស់ ដែលកំពុងធ្វើចរាចរនៅតាមដងផ្លូវ។ 

សូម ឯកឧត្តមអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ចំពោះគ្រប់ម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលាន សង្គ្រោះ ឬឡានពេទ្យរបស់ខ្លួន ទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរ ឬសាកសព តាមដងផ្លូវខុសច្បាប់ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀតដែលពុំមានអាជ្ញាបណ្ណ ពីក្រសួងសុខាភិបាល ៕ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *